ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងម៉ែយ៉ែ.ម! តុលាការសម្រេចឃុំខ្លួនម្ដាយក្មេក ចំណែកកូនប្រសារ តំណាងអយ្យការឱ្យទៅផ្ទះវិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សំណុំរឿងម៉ែយ៉ែមស្តុកទុកក្មេងស្រីអនីតិជន សម្រាប់បម្រើផ្លូវភេទ តុលាការ

រាជធានីភ្នំពេញ ៖ សំណុំរឿងម៉ែយ៉ែមស្តុកទុកក្មេងស្រីអនីតិជន សម្រាប់បម្រើផ្លូវភេទ តុលាការសម្រេចហើយឃុំខ្លួនម្ដាយក្មេក ចំ ណែកកូនប្រសារតំណាងអយ្យការអនុញ្ញតឱ្យទៅផ្ទះប្រកបមុខ របររកស៊ីទទួលទានជាធម្មតាវិញ ។ គួររំលឹកថា ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី នាំ​នារី​ក្មេង​ៗ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់

លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនម៉ែយ៉ែម្នាក់ឈ្មោះ សុខ គឹមហេង ភេទស្រី អាយុ៦៩​ឆ្នាំ មុខរបរ នៅផ្ទះ ដាក់ពន្ធនាគារ PJ ពន្ធនាគាររាជធានីភ្នំពេញ ជាបណ្ដោះ​អាសន្ន ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសទៅតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត ។

ដីកាបង្គាប់ឱ្យឃុំខ្លួនត្រូវបានដាក់ឱ្យជនសង្ស័យស្ថិតក្រោមការត្រួតពិនិត្យពីបទសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងខែមករា រហូតដល់ដល់អំឡុងខែមីនា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ ចំណែកស្ត្រីម្នាក់ដែលជាកូនប្រសារ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញតឱ្យទៅផ្ទះវិញ សំអាងហេតុមិនជាប់ពាក់ព័ន្ធបទល្មើសជួញដូរផ្លូវភេទនោះទេ ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជា មួយគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានឆ្មក់បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនស្ត្រី២ នាក់ម្ដាយក្មេកនិងកូនប្រសារ ដែលគេនិយាយថាជាម៉ែយ៉ែម និងរំដោះនារី៩ នាក់ ក្នុងនោះមាន៨នាក់ជាអនិតិជន ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ចារកម្ម ផ្លូវភេទ ។

ជនសង្ស័យម្នាក់ឈ្មោះ សុខ គឹមហេង ជាម្ចាស់ផ្ទះជួលលេខ ៣១៨ E1 ជាម្ដាយក្មេក និងម្នាក់ឈ្មោះ ឌួង សុធី ជាកូនប្រសារ ម្ចាស់ផ្ទះជួល ៣២០ E1z ផ្លូវ១២៨ មហាវិថីកម្ពុជាក្រោម ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារជំនាញ និងលោកវរៈសេនីយ៍ទោ ហាក់ លី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងមានការស ហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ម្ដាយក្មេកនិងកូនប្រសារ ដែលជាម្ចាស់ទីតាំង និងបានរំដោះនារីរងគ្រោះចំនួន៩ នាក់ ស្ថិតនៅអាសយដ្ឋានខាងលើ នេះ ។

ការឆ្មក់បង្ក្រាបទីតាំងស្តុកនារីបម្រើសេវាផ្លូវភេទខាងលើនេះ ត្រូវបានមន្ត្រីនគរបាលមូលដ្ឋានបង្ហើបឱ្យដឹងថា មានប្រជាព លរដ្ឋដែលរស់នៅជិតខាងទីនោះបានរាយការណ៍ថា រយៈពេលជាង៣ខែកន្លងមក គេសង្កេតឃើញផ្ទះម៉ែយ៉ែមម្នាក់ដូចមានឈ្មោះខាងលើ មានមនុស្សចេញចូលៗញឹកញាប់ ពិសេសក្មេងស្រីៗស្រស់ស្អាត ដែលគួរឱ្យសង្ស័យ ។

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍នោះភ្លាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានរាយការណ៍ទៅការិយាល័យជំនាញ ដើម្បីដាក់កម្លាំងចូលស៊ើបអង្កេតនិងស្រាវជ្រាវ ទើបដឹងថា ទីតាំងនោះពិតជាមានស្តុកទុកនារីស្រស់ស្អាតអាយុក្រោម១៨ ឆ្នាំ សម្រាប់បម្រើផ្លូវភេទ លុះពេលស៊ើបដឹងព័ត៌មានច្បាស់លាស់ហើយ សមត្ថកិច្ចក៏បានស្នើសុំការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យនិងធ្វើឆែកឆេរទីតាំងនោះ រហូតឃាត់ខ្លួនម្ដាយក្មេក និងកូនប្រសារព្រមទាំងរំដោះនារីរងគ្រោះ៩ នាក់ ។

មន្ត្រីនគរបាលបង្ហើបឱ្យដឹងទៀតថា នារីវ័យក្មេងទាំងអស់នោះភាគច្រើនគេនាំមកពីខាងខេត្ត ស្វាយរៀង ហើយត្រូវបានគេលក់ព្រហ្មចារីឱ្យទៅភ្ញៀវអ្នកមានប្រាក់ (តាតា) ដើម្បីបន្ធូអារម្មណ៍ ដំបូងចាប់ពីតម្លៃពី៥ ០០០​ដុល្លារ ១០០០ដុល្លារ, ៥០០ដុល្លារ, ៤០០ដុល្លារ និងធ្លាក់ដល់២០០ ដុល្លារអាមេ រិក ដែលប្រាក់បានមកពីអំពើសញ្ចារកម្មដោយខុសច្បាប់នោះ គឺម៉ែយ៉ែមជាអ្នកបែងចែក ។ តែនេះជាព័ត៌មានមិនទាន់ជាផ្លូវការនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងដុតដៃដុតជើងសួរយកចម្លើយជនសង្ស័យ២ នាក់ម្ដាយក្មេក និងកូនប្រសារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ ចំណែកនារីរងគ្រោះទាំង៩ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ។

ជុំវិញព័ត៌មានដែលលោកចៅក្រមស៊ើបសួរ បានសម្រេចចេញដី កាបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យ​ម៉ែយ៉ែម ជាម្ដាយក្មេក និងតំណាងអយ្យការបានអនុញ្ញាតិឱ្យកូនប្រសារទៅផ្ទះវិញ អ្នកនាំពាក្យខាងអយ្យការ ក៏ដូចជាអ្នកនាំពាក្យខាងសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់បានធ្វើសេចក្ដីប្រកាសព័ត៌មានជាផ្លូវការនៅឡើយទេ ប្រហែលជាប់រវល់ការងារស្នូលច្រើន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ