ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ថៃ ថា​នឹង​ជួយ​មើល​ពលករ​ខ្មែរ និង​ឲ្យ​កូនចៅ​មាន​សិទ្ធ​ចូល​រៀនសូត្រនៅក្នុងប្រទេស​ថៃ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា នៃ​ប្រទេស​ថៃ បាន​គូសបញ្ជាក់​ថា នឹង​ជួយ​លើកកម្ពស់​សិទ្ធិ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ និង​មើលថែ​ពួក​គេ​និង​គ្រួសារ ដូច​ជា​ជា​ពលករ​ថៃ​ដែរ ដោយ​កូនចៅ​របស់​ពលករ​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា នៃ​ប្រទេស​ថៃ បាន​គូសបញ្ជាក់​ថា នឹង​ជួយ​លើកកម្ពស់​សិទ្ធិ​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ និង​មើលថែ​ពួក​គេ​និង​គ្រួសារ ដូច​ជា​ជា​ពលករ​ថៃ​ដែរ ដោយ​កូនចៅ​របស់​ពលករ​ទាំងនោះ មាន​សិទ្ធិ​បាន​ចូល​សិក្សា រៀនសូត្រ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី នា​ពេល​អនាគត​ដែរ ។

​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់​ណ មៈ​ថា ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​ឯកឧត្តម​បណ្ឌិត ជាម​យៀ​ប ប្រធានរដ្ឋសភា​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព ។

​ឯកឧត្ដម​ប្រធានរដ្ឋសភា​ថៃ បាន​លើក​ឡើង​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដែល​មាន​ជា​យូរលង់​មក​ហើយ ក៏​ដូច​ជា​សមិទ្ធផល​សំខាន់​ៗ ស្តែង​ចេញពី​ទំនាក់ទំនង​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ នៃ​ប្រទេស​ទាំង​ពីរ ដោយ​ឯកឧត្ដម​បញ្ជាក់​ថា ថៃ​និង​កម្ពុជា គឺជា​បងប្អូន​។ ប្រទេស​ទាំង​ពីរ ជា​អ្នក​ជិតខាង​ល្អ ជា​មិត្ត​ល្អ ដូច​សុភាសិត​បាន​លើក​ឡើង​ថា មាន​មិត្ត​ល្អ​ម្នាក់​នៅ​ជិត ប្រសើរ​ជាង​មាន​មិត្ត​ល្អ​១០​នាក់ ដែល​នៅ​ឆ្ងាយ ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្ដម​ប្រធានរដ្ឋសភា​ថៃ ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​មាន​អនុស្សរណៈ​យោគយល់​គ្នា ដូច​រដ្ឋសភា​កម្ពុជា មាន​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ នៃ​សភា​ប្រទេស​ទាំង​ពី​កាន់តែ​ល្អ​ប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ក៏​បាន​គោរព​អញ្ជើញសម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​មានឱកាស​ច្រើន​ថែម​ទៀត ក្នុង​ការ​ពិភាក្សា​គ្នា អំពី​កិច្ច​សហប្រតិបត្តិការ​សភា និង​ការ​ពិចារណា​ទៅ​លើ​ការ​ចុះ​អនុស្សា​រណៈ រួម​ជាមួយ​គ្នា ។

​ឯកឧត្ដម​បាន​ក៏​លើក​ឡើង​ថា ឯកឧត្ដម នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ​ថៃ ឱ្យមក​បណ្ដាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា ព្រមទាំង​លើកកម្ពស់​សិទ្ធ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ និង​មើលថែ​ពួក​គេ និង​គ្រួសារ ដូច​ជា​ជា​ពលករ​ថៃ​ដែរ ដោយ​កូនចៅ របស់​ពលករ​ទាំងនោះ មាន​សិទ្ធិ​បាន​ចូល​សិក្សា​រៀនសូត្រ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី នា​ពេល​អនាគត​ដែរ​» ។

​ចំណែកឯ ឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ប្រធានរដ្ឋសភា​ស្ដីទី បាន​បញ្ជាក់​ថា ឆ្នាំ​ក្រោយ​នេះ ជា​ខួប​លើក​ទី​៧៥​ឆ្នាំ នៃ​ចំណង​ការទូត​របស់​ប្រទេស​ទាំង​២ ក្នុង​ន័យ​នេះ ការទូត​សភា គឺ​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ។

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ប្រធានរដ្ឋសភា​ស្ដីទី ក៏​បាន​គូសបញ្ជាក់​បន្ថែម អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដែល​មាន​លក្ខណៈ​ពហុ​វិស័យ និង​ច្រើន​កម្រិត ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ក្រប​ខណ្ឌ​រដ្ឋ និង​រដ្ឋ (​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​) ក្រប​ខណ្ឌ​សភា និង​សភា ធុរកិច្ច​និង​ធុរកិច្ច គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ និង​រវាង ប្រជាជន និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ