ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការងារ ៖ បើថៅកែមិនអនុញ្ញាតច្បាប់ហើយយើងចេញមក គឺមិនអាចត្រឡប់ទៅវិញបានទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​បងប្អូន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​តក់ក្រហល់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយសារ​ជឿ​ការ​ឃោសនា​របស់​លោក ខឹ​ម វាសនា គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​បងប្អូន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​តក់ក្រហល់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយសារ​ជឿ​ការ​ឃោសនា​របស់​លោក ខឹ​ម វាសនា គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) ថា នឹង​មានទឹក​លិច​ពិភពលោក​នេះ គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន​ទេ បើ​ការ​វិល​មក​ស្រុក​ខ្មែរ​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ពី​ថៅកែ​នោះ ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទសួរ​ថា តើ​ពលករ​ដែល​មក​ពី​កូរ៉េ និង​ជប៉ុន ដែល​បាន​ចោលការ​ងារ​មក​ស្រុក​ខ្មែរ​វិញ តើ​ពេល​ត្រឡប់​ទៅ​វិញ តើ​ខាង​ក្រុមហ៊ុន​នៅ​ទទួល​ដែរ​ទេ? ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​យ៉ាង​ខ្លី និង​ច្បាស់​ៗ​ថា «​បើ​ថៅកែ​មិន​អនុញ្ញាត​ច្បាប់ ហើយ​យើង​ចេញ​មក គឺ​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​ទេ​» ។

សូម​បញ្ជាក់ ឯកឧត្តម ហេង សួរ ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៣១ សីហា ម្សិលមិញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ បាន​ត្រឡប់​មក​ស្រុក តាម​ការ​ឃោសនា​អកុសល​របស់​លោក ខឹ​ម វាសនា ក្នុង​ចន្លោះ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែសីហា ។

ក្នុង​នោះ ឯកឧត្តម​បាន​ប្រាប់​លម្អិត​ថា នៅ​កូរ៉េ​ខាងត្បូង​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៤០០​នាក់ និង​នៅ​ជប៉ុន​មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល​១០០​នាក់ ក្នុង​នោះ​ក៏​មាន​និស្សិត​ថ្នាក់បណ្ឌិត​រៀន​នៅ​តំបន់​កាន់​សៃ​នៃ​ប្រទេស​ជប៉ុន​១​នាក់​ផង​ដែរ បាន​ឈប់​ត្រឡប់​មក​ស្រុក​វិញ ដោយសារ​ការ​ជឿ​ពាក្យឃោសនា​អកុសល​របស់​លោក ខឹ​ម វាសនា ឯកឧត្តម​លើក​ឡើង​ថា អ្នកខ្លះ​ត្រឡប់​មក​វិញ ដោយ​យក​ហេតុផល​ថា ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ដើម្បី​ថៅកែ​អនុញ្ញាត​ច្បាប់ ។ អ្នកខ្លះ​ទៀត គឺ​សុំ​ថៅកែ ប៉ុន្តែ​ថៅកែ​មិន​ឲ្យ​ក៏​ឈប់​ទាំង​អត់​ច្បាប់​ក៏​បោះបង់​ចោលការ​ងារ​ហើយ​ត្រឡប់​មក​ខ្មែរ​វិញ តាម​ការ​ឃោសនា​អកុសល​បែប​អបិយ​ជំនឿ​មិន​សម​ហេតុផល​របស់ លោក ខឹ​ម វាសនា តែ​ម្តង ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្រៅប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២២​មក​មិន​មាន​ចលនា​បោះបង់​ចោលការ​ងារ​ត្រឡប់​មក​ខ្មែរ​ទៀត​ទេ ។ ឯកឧត្តម​បាន​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​បាន​ជួប​ជាមួយ​តំណាង អង្គភាព​អភិវឌ្ឍ​ធនធានមនុស្ស​កូរ៉េ (HTD Korea) ដើម្បី​សុំ​ទោស​រដ្ឋាភិបាល​កូរ៉េ ជា​ពិសេស និយោជក​កូរ៉េ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ចលាចល​នេះ ។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ និង​ជប៉ុន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ក៏​បាន​ចុះ​ជួប​បងប្អូន​ពលករ និង​និយោជក​កូរ៉េ និង​ជប៉ុន ដែល​រង​ផល​ប៉ះពាល់​ផង​ដែរ ។ ឯកឧត្តម​បញ្ជាក់​ថា ៖«​ទន្ទឹម​នឹង​នេះ​យើង​ក៏​បាន​សំណូមពរ​ដល់​និយោជក​កូរ៉េ និង​ជប៉ុន​មេត្តា​យោគយល់​ជា​អតិបរមា​ដល់​បងប្អូន​ពលករ និង​សិក្ខាកាម​យើង​កុំ​ប្តឹង​បងប្អូន​យើង ព្រមទាំង​ពិចារណា​ទទួលយក​បងប្អូន​ពលករ និង​សិក្ខាកាម​យើង​វិញ​តាម​លទ្ធភាព​ជាក់ស្តែង​» ។

កាលពី​ថ្ងៃ​ទី ៣១ ខែសីហា ម្សិលមិញ​នេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០២ ដែល​មាន​តម្លៃ​សរុប​ជាង ៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា រឿង លោក ខឹ​ម វាសនា ដែល​បាន​តាំងខ្លួន​ជា ព្រហ្ម​បាន​ចុះ​មក ដើម្បី​ជួយ​រំដោះ​មនុស្សលោក នៅ​ក្នុង​តំបន់​ភ្នំ​គូ​លេ​ន រហូត​មាន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស ក៏​បាន​រត់​ចោលការ​ងារ មក​ស្រុក​ខ្មែរ​វិញ ដែល​នាំ​ឱ្យ​ប៉ះពាល់​សង្វា​ក់​ផលិតកម្ម​នៅ​រោងចក្រ សហគ្រាស នៅ​ប្រទេស​ថៃ ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាងត្បូង ជាដើម​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​រឿង​ពលករ​បាត់បង់​ការងារ​ធ្វើ ជា​រឿង​កង្វល់​មួយ​ហើយ ដែល​យើង​សោកស្តាយ​ជាមួយ​ពួក​គាត់ ប៉ុន្តែ​ខ្ញុំ​នៅ​មាន​កង្វល់​មួយទៀត គឺ​កង្វល់​នៃ​ពាក្យបណ្តឹង​នៃ​បណ្តា​ក្រុមហ៊ុន​ដែល​ពលករ​បាន​ធ្វើ​ឲ្យ​ខូចខាត រត់​ចោលការ​ងារ​ពេល​ដែល​គេ​កំពុង​តែ​ដំណើរការ​»​។

សម្តេច​បន្ថែម​ថា ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សុំ​អង្វ​ក​រដ្ឋាភិបាល​ដែល​ទទួល​ពលករ​កម្ពុជា បើ​និយាយ​ឲ្យ​ត្រូវ​បោះបង់​ចោលការ​ងារ​ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ និង​ខុស​កិច្ចសន្យាការងារ សុំ​មេត្តា​កុំ​ប្តឹង ទាំង​ប្តឹង​ចំពោះ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ទាំង​ចំពោះ​ពលករ​ដែល​បាន​ចាកចេញ​នោះ ដែល​វា​នាំ​ជម្លោះ​ផ្លូវច្បាប់ កម្ពុជា​ទទួលកំហុស​នេះ​។

សូម​ជម្រាប​ថា លោក ខឹ​ម វាសនា​បាន​រៀបចំ​ការ​ប្រមូលផ្ដុំ​មនុស្ស​រាប់​ម៉ឺន​នាក់ នៅ​ជើងភ្នំ​គូលែន​ក្នុង​ដីចម្ការ​ម្រេច​ខ្លួន​ដែល​មាន​ទំហំ​១២​ហិ​កតា​ស្ថិត​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្រោម​ហេតុផល​ស្តាប់ធម៌ និង​គេច​ចេញពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​មាន​រញ្ជួយ​ដី និង​ទឹកជំនន់​លិច​ពិភពលោក​ជាដើម ។

អាជ្ញាធរ​ខេត្តសៀមរាប​បញ្ជា​ឱ្យ​រំសាយ​ការ​ជួបជុំ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​នៅ​ក្នុង​ខេត្តសៀមរាប បានការ​ពារ​ខ្លួន​ថា ការ​ជួបជុំ​នេះ​មិន​ខុសច្បាប់​ឡើយ ។ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ទៅ​ស្នាក់​នៅ បោះ​តង់​នៅ​ដីចម្ការ​ម្រេច​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​គឺ លោក ខឹ​ម វាសនា នៅ​ក្បែរ​ជើងភ្នំ​គូលែន ដោយសារ​ភ័យ​ខ្លាច​រឿង​ទឹកជំនន់​លិច​ពិភពលោក តាម​ការ​ថ្លែង​របស់​លោក ។​ការ​សម្រុក​ទៅ​ខេត្តសៀមរាប​នេះ​ក៏​នាំ​ឱ្យ​មានការ​រិះគន់​ផង​ដែរ​ថា ហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​ជឿ​លើ​ពាក្យ​សម្តី​របស់​លោក ខឹ​ម វាសនា​។

ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែសីហា ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​នាំ​គ្នា​ជិះឡាន ម៉ូតូ​យ៉ាងច្រើន​កុះករ ដោយ​បាន​នាំ​យក​កូនចៅ និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៅ​ជាមួយ ដូច​ជា​ចាន ឆ្នាំង ត្រី​ងៀ​ន ត្រីឆ្អើរ ជាដើម ដើម្បី​ភៀសខ្លួន និង​មក​ស្នាក់​នៅ​រួម​គ្នា​ក្នុង​ចម្ការ​ម្រេច​មួយ​កន្លែង​របស់ លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ខាងជើង​ភ្នំ​គូលែន ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

គិត​ត្រឹម​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តែ​ឈរជើង​នី​ជិត​ដីចំការ​លោក ខឹ​ម វាសនា ដើម្បី​បន្ត​ជូន​ដំណើរ​បងប្អូន​ដែល​សម្រេច​ចាក​ចេញពី​ដីចំការ​លោក​ខឹ​ម វាសនា ។ ខណៈ​អាជ្ញាធរ​អំពាវនាវ​ជា​បន្តបន្ទាប់​ឱ្យ​អ្នក​ដែល​បាន​ទៅ​ចំការ​លោក ខឹ​ម វាសនា ចាកចេញ​ទៅ​ស្រុក​កំណើត​វិញ​នោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ប្រចាំ​ខេត្តសៀមរាប​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ការពារ​ខ្លួន​ថា «​ការ​ជួបជុំ​នេះ​គឺ​មិន​ខុសច្បាប់​នោះ​ទេ ហើយ​គណបក្ស​បាន​ធ្វើ​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ​ឃុំ​រួច​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ